វិបត្តិហិរញ្ញវត្ថុពិភពលោកបាននឹងកំពុងញុំញីវិស័យមូលដ្ឋានគ្រឹះ នៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងនោះមានវិស័យកាត់ដេរ វិស័យសំណង់ វិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍ជាដើម។ ក្រៅពីវិស័យធំៗទាំងនេះគេសង្កេតឃើញថាវិបត្តិនេះក៏បានដាក់ ទណ្ឌកម្មយ៉ាងខ្លាំងក្លាទៅលើអាជីវកម្មមួយចំនួនផ្សេងទៀត។
អាជីវកម្ម លក់ឱសថគឺជាអាជីវកម្មមួយដែលគេពិបាកនឹងជឿថាវាអាចរងផលប៉ះពាល់ ពីវិបត្តិសេដ្ឋកិច្ចពិភពលោក ប៉ុន្តែបើយោងតាមការអះអាងរបស់អ្នកជំនាញក្នុងវិស័យឱសថនៅក្នុងប្រទេស កម្ពុជាមួយចំនួនបានអោយដឹងថាអាជីវកម្មនេះក៏អាចទទួលរងផលប៉ះពាល់ ខ្លះដែរពីចំហាយបោកបក់នៃវិបត្តិសេដ្ឋកិច្ច។
នៅពេលដែលមាន អះអាងយ៉ាងដូច្នេះសំនួរជាច្រើនបានលើកឡើងថា តើអ្នកជំងឺសុខចិត្តមិនទិញថ្នាំលេប ឬយ៉ាងដូចមេ្តច? តើការធ្លាក់ចុះនេះបណ្តាលមកពីមូលហេតុផ្សេងឬ?
សូមបញ្ជាក់ ថារហូតមកដល់ពេលនេះគ្មានការស្រាវជ្រាវណាមួយដែលបញ្ជាក់ថាការ ធ្លាក់ចុះនៃការលក់ឱសថបណ្តាលមកពីមូលហេតុនេះឬមូលហេតុនោះពិត ប្រាកដនៅឡើយទេ។ ប៉ុន្តែអាជីវករលក់ថ្នាំ និងឱសថការីមួយចំនួនបានព្យាយាមពន្យល់ពីបាតុភូតដែលនាំអោយមានការ ថមថយអាជីវកម្មនេះ ថាអ្នកជំងឺធ្ងន់មិនមែនឈប់ទិញថ្នាំព្យាបាលទាំងស្រុងនោះទេ ប៉ុន្តែមនុស្សទូទៅអាចកាត់បន្ថយការចំណាយមួយចំនួនទៅលើការទិញ ឱសថប្រសិនបើវាមិនចាំបាច់ណាស់ណានោះទេ។
អ្នកជំនាញក្នុង វិស័យនេះបានពន្យល់លម្អិតថានៅពេលដែលមនុស្សមានថវិការច្រើនពួកគេ ពិតជាចំណាយប្រាក់មួយចំនួនដើម្បីពិនិត្យសុខភាព។ ប៉ុន្តែនៅពេលដែលថវិកាគ្រួសារចុះខ្សោយ ការពិនិត្យសុខភាពអាចនឹងត្រូវកាត់បន្ថយ។ ការកាត់បន្ថយការពិនិត្យសុខភាពនេះ គឺជាផ្នែកមួយនៃការថយចុះនៃការលក់ឱសថ ពីព្រោះរាល់ពេលពិនិត្យសុខភាពម្តងៗជំងឺមួយចំនួនពិតជាត្រូវបានគេ រកឃើញ បើទោះបីជាជំងឺនោះមានសភាពធ្ងន់ ឬស្រាលក៏ដោយ។ បន្ទាប់ពីរកឃើញជំងឺហើយការទិញថ្នាំពិតជាការចាំបាច់។
អ្នកជំនាញ ដដែលបាននិយាយថាវិបត្តិសេដ្ឋកិច្ចនេះអាចជំរុញអោយអ្នកក្រីក្រ មួយចំនួនឈប់ទិញថ្នាំពេទ្យ ហើយបែរជាទៅព្យាបាលតាមបែបបុរាណទៅវិញ។ ឬម៉្យាងវិញទៀតអ្នកក្រីក្រមួយចំនួនអាចកាត់បន្ថយពីការទិញថ្នាំ គុណភាពល្អមកទិញថ្នាំគុណភាពមធ្យមវិញក៏មានដែរ។ ឬក៏អ្នកខ្លះទៀតអាចមិនទិញថ្នាំទេប្រសិនបើគេគ្រាន់តែមានជំងឺ ផ្តាសាយបន្តិចបន្តួចនោះ។
ហេតុផលមួយទៀតដែលត្រូវបានគេលើកឡើងដែរនោះ គឺថាស្រ្តីមួយចំនួនបានកាត់បន្ថយការចំណាយទៅលើការ កែសម្ផស្ស។
បើទោះ បីជាអាជីវករលក់ឱសថ និងឱសថការីមួយចំនួនបានទំលាក់កំហុសទៅលើវិបត្តិសេដ្ឋកិច្ចតែមួយមុខ ក៏ដោយ ក៏អ្នកជំនាញខ្លះទៀតក្នុងវិស័យនេះបានផ្តល់ហេតុផលផ្សេងពីនេះ ទៅវិញ។ សម្រាប់ពួកគេលំហូរជនជាតិខ្មែរទៅព្យាបាលនៅបរទេសគឺជាមូលហេតុ ចម្បងដែលធ្វើអោយប៉ះពាល់ដល់ការធ្វើអាជីវកម្មឱសថនៅក្នុងប្រទេស កម្ពុជា។
ដោយសារតែការបាត់បង់ជំនឿទៅលើគ្រូពេទ្យខ្មែរ នៅក្នុងប្រទេសប្រជាជនខ្មែរមួយចំនួនដែលមានជីវភាពធូរធារបានសម្រេច ចិត្តទៅព្យាបាលនៅបរទេសដូចជានៅប្រទេសសឹង្ហបុរីប្រទេសថៃ និងប្រទេសវៀតណាមជាដើម។ ប្រទេសវៀតណាមគឺជាប្រទេសដែលជនជាតិខ្មែរសំរុកទៅព្យាបាលច្រើនជាងគេ ជាពិសេសចាប់តាំងពីប្រទេសនេះបានលើកទិដ្ឋាការសម្រាប់ជនជាតិខ្មែរ មក។
ការទៅព្យាបាលនៅបរទេសធ្វើអោយអ្នកជំងឺចំណាយថវិកាទៅ លើសេវាមួយចំនួនក្នុងនោះមាន សេវាព្យាបាលជំងឺ សេវាបកប្រែ សេវាស្នាក់នៅ សេវាហូបចុក និងការចំណាយលើការទិញថ្នាំពេទ្យជាដើម។
អាជីករ លក់ថ្នាំពេទ្យបាននិយាយថាលំហូរជនជាតិខ្មែរទៅព្យាបាលនៅបរទេស កាន់តែច្រើននឹងទាញទម្លាក់ការលក់ឱសថនៅក្នុងប្រទេសកាន់តែខ្លាំង។
ចាប់តាំង ពីមានវិបត្តិសេដ្ឋកិច្ច និងចាប់តាំងពីមានចរន្តលំហូរជនជាតិខ្មែរទៅព្យាបាលនៅក្រៅប្រទេស កាន់តែច្រើនមកនោះ ប្រាក់ចំណូលរបស់ពាណិជ្ជករលក់ឱសថក្នុងប្រទេសមួយចំនួនបានធ្លាក់ ចុះពី២០ទៅ៣០%ក្នុងរយៈពេល៦ខែដើមឆ្នាំ នេះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕